Saturday, October 11, 2014

នាយក​រដ្ឋមន្ត្រី​ទូល​ព្រះមហាក្សត្រ​ថា​ពុំ​បាន​លក់​ដូរ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដោយ ទេព សុរ៉ាវី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​រាយការណ៍​អំពី​ករណី​ពាក់ព័ន្ធ​នឹង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។
ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​របស់ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ តុលា ដែល​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​សុក្រ ទី​១០ តុលា បញ្ជាក់​ថា ពុំ​មាន​ការ​លក់ ឬ​ដោះ​ដូរ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទេ។
ក្នុង​លិខិត​បន្ត​ថា ចំពោះ​ការ​រុះរើ​របង និង​ខ្លោងទ្វារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​កន្លង​មក គឺ​ដើម្បី​សម្រួល​ដល់​ការ​សាងសង់​ផ្លូវ​ក្រោម​ដី ដែល​ជា​គម្រោង​ណាហ្គាស៊ីធី​វ៉ក (NagaCity Walk) នៅ​ពី​មុខ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​ក្រសួង​ធម្មការ និង​សាសនា បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ រួច​ហើយ​ថា ការ​រុះរើ​របង និង​ខ្លោងទ្វារ​ខាង​ជើង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ធ្វើ​បណ្ដោះអាសន្ន ដើម្បី​រក្សា​នូវ​សុវត្ថិភាព ចៀសវាង​ការ​បាក់​ធ្លាក់​ដោយ​យថាហេតុ​ក្នុង​អំឡុង​ដំណើរ​ការ​សាងសង់​ផ្លូវ​ក្រោម​ដី​នោះ។
ក្នុង​លិខិត​របស់ លោក ហ៊ុន សែន បញ្ជាក់​ថា គ្មាន​ការ​វិនិយោគ ឬ​លក់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ជា​ដាច់​ខាត។ ប៉ុន្តែ​កន្លង​មក ដោយ​មាន​ការ​ញុះញង់​ពី​ជន​អគតិ​មួយ​ចំនួន បាន​បំផ្លើស​ថា ក្រសួង​ធម្មការ លក់ ដោះ​ដូរ និង​រុះរើ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នោះ។
ជុំវិញ​ការ​រិះគន់​របស់ លោក ហ៊ុន សែន នេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្ដាញ​សង្គម​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌ មាន​ថេរ​ដីកា​ថា កន្លង​មក​អ្នក​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​បំភ្លឺ និង​រក្សា​ការពារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នោះ គឺ​មាន​ព្រះសង្ឃ និង​ពុទ្ធសាសនិក ដែល​ភ័យ​ខ្លាច​បាត់​បង់​ទ្រព្យ​សម្បត្តិ​របស់​ព្រះពុទ្ធ​សាសនា។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ គិត​ថា ការ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​នេះ គឺ​ជា​ចេតនា​អាក្រក់​មួយ ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ភ័ន្តច្រឡំ​ពី​ចេតនា​ពិត​ដែល​ព្រះសង្ឃ និង​អ្នក​គាំទ្រ​ទាំងអស់​នោះ។
លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា អះអាង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ថា លោក​នឹង​ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ណាហ្គា​វើល ផ្អាក​សកម្មភាព​គ្រប់​យ៉ាង និង​ស្នើ​ឲ្យ​សាងសង់​ឡើង​វិញ​ប៉ះប៉ូវ​ការ​ខូចខាត ដូចជា​របង​ជាដើម​នៅ​បរិវេណ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។
មូលហេតុ​ដែល​នាំ​ឲ្យ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ចាត់​វិធានការ​ដោយ​បន្ទាន់​នេះ នៅ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ រួម​ទាំង​ព្រះសង្ឃ​ជា​ហូរហែ​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment